(សៀមរាប)៖ នៅថ្ងៃទី២៧ ខែសីហានេះ រដ្ឋបាលស្រុកក្រឡាញ់ ជូនដំណឹងដល់សាធារណជន ស្ដីពីការបន្តបិទផ្សារក្រឡាញ់ ជាបណ្តោះអាសន្នរយៈពេល៧ថ្ងៃ បន្ថែមទៀត គឺចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកក្រឡាញ់ ។

យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកក្រឡាញ់ ការសម្រេចនេះ ខណៈដែលក្រុមគ្រូពេទ្យបន្តរកឃើញវិជ្ជមានលើក្រុមអាជីវករក្នុងផ្សារ ហើយវាក៏ជាពេលវេលាដែលរដ្ឋបាលស្រុក ចាប់ផ្តើមរៀបចំសណ្ដាប់ធ្នាប់ជាថ្មីក្នុងផ្សារ មុននឹងបើកឱ្យដំណើរការឡើងវិញនាពេលខាងមុខ។ ជាមួយគ្នានេះ រដ្ឋបាលស្រុកក្រឡាញ់ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករក្នុងផ្សារក្រឡាញ់ ដែលបានពាក់ពន្ធផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមាន កាលពីថ្ងៃទី២៥ ខែសីហា សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងរាងៗខ្លួន ឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវល្មើសវិធានការសុខាភិបាលឡើយ។

សូមរំលឹកផងដែរ រដ្ឋបាលស្រុកក្រឡាញ់ បានបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារក្រឡាញ់ ចាប់ពីថ្ងៃទី១២ ខែសីហា មកហើយ ។ ផ្សារនេះស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕