(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តល ទទួលផ្លែមៀនចំនួន៥តោន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រាប់ធ្វើការបែងចែកជូនដល់កងកម្លាំងទាំង៣ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក។

អំណោយជាផ្លែមៀនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានលោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជានាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ នៅឯសាលាខេត្តកណ្ដាល ដោយមានវត្តមានចូលរួមផងដែរពីលោក-លោកស្រីអភិបាលរងខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត ។

ស្ថិតក្នុងឱកាសនេះ អភិបាលខេត្តក៏បានស្នើដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត អនុវត្តន៍តាមវិធានការរបស់ក្រសួង សុខាភិបាល ពិសេសប្រសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាយ័ន្តដ៏ស័ក្ដិសិទ្ធិ គឺ «៣ការពារ និង៣កុំ» ដោយត្រូវធានាថា ការងារទទួលបានជោគជ័យ ឯមន្ត្រីក៏មានសុវត្ថិភាព ជៀសផុតពីជំងឺកូវីដ១៩ផងដែរ។
លោក គង់ សោភ័ណ្ឌ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកក្នុងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ និន្នាការនយោបាយ បក្ខពួក សាសនា ជាពិសេសបំផុតអំឡុងពេល ដែលកម្ពុជាកំពុងទទួលរងនូវការញ៉ាំញី ជំងឺកូវីដ១៩។

ក្រោយទទួលបានផ្លែមៀននេះភ្លាម លោកអភិបាលខេត្តបានកោះហៅអភិបាលស្រុក-ក្រុង ព្រមទាំងកម្លាំងទាំង៣ មកទទួលផ្លែមៀន (តាង៉ែន) នេះផងដែរ ដោយពិធីប្រគល់បានធ្វើឡើងនៅវេលាថ្ងៃត្រង់នៅឯសាលាខេត្តកណ្ដាល ដោយមួយអង្គភាពទទួលបានមៀន (តាង៉ែន) ចំនួន៣០០គីឡូក្រាម។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕