(ភ្នំពេញ)៖ លោក ឯក ឃុនឌឿន ដែលទើបទទួលបានប្រកាសកាន់មុខតំណែងថ្មី ជាអភិបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យតាមបណ្ដាការិយាល័យជំនាញនិមួយៗ របស់រដ្ឋបាលខណ្ឌ និងឆ្លៀតឧបត្ថម្ភថ្នាំបង្ការជំងឺកូវីដ១៩ និងអាវភ្លៀងដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌផងដែរ។

លោកអភិបាលខណ្ឌឬស្សីកែវថ្មីរូបនេះ ក្រៅពីឧបត្ថម្ភថ្នាំបង្ការជំងឺកូវីដ១៩ និងអាវភ្លៀងដល់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ លោកក៏បានបង្ហាញនូវមនោសញ្ចេតនារាប់អានរាក់ទាក់រាល់មន្ត្រីទាំងឡាយ និងឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ច បន្ទាប់ពីមានការស្វាគមន៍យ៉ាងកក់ក្ដៅ និងអមដំណើរត្រួតពិនិត្យដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក លីន ញ៉ក់, លោក ស៊ូ សោគន្ធ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, លោកនាយក, លោកនាយករងរដ្ឋបាលខណ្ឌ ព្រមទាំងប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ចលោក ជា ពិសី ទៅជាអភិបាលខណ្ឌទួលគោក ហើយលោក ឯក ឃុនឌឿន មកជាអភិបាលខណ្ឌឬស្សីកែវវិញ៕