(រតនគិរី)៖ មានហេតុការណ៍មួយបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្រោយស្រ្តីមានផ្ទៃពោះម្នាក់ បានសម្រាលកូននៅតាមផ្លូវជាតិលេខ៧៨ ខណៈដែលស្វាមីរបស់គាត់កំពុងតែឌុបតាមម៉ូតូ ទៅមណ្ឌលសុខភាព ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នៅវេលាម៉ោង៤៖៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។

ស្ត្រីមានផ្ទៃពោះគ្រប់ខែមានឈ្មោះ ហេង ស្រីនាថ អាយុ២៣ឆ្នាំ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីថា ឈឺពោះ រីឯប្តីក៏ប្រញាប់ឌុបប្រពន្ធទៅមណ្ឌលសុខភាពស្រុកកូនមុំ។ លុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រ្តីមានផ្ទៃពោះក៏បានឆ្លងទន្លេតាមផ្លូវតែម្តងដោយពុំទាន់ដល់មណ្ឌលសុខភាពស្រុកកូនមុំផង។

ពេលនោះក៏មានអ្នកភូមិនាំគ្នារត់មកជួយសង្រ្គោះស្រ្តីកូនខ្ចីនេះផងដែរ ក្នុងពេលមានហេតុការណ៍នេះភ្លាម អាជ្ញាធរឃុំ និងស្រុកកូនមុំបានទទួលព័ត៌មានភ្លាម ក៏បានបញ្ជាឱ្យខាងមណ្ឌលសុខភាព ដឹកនាំគ្រូពេទ្យទៅជួយអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ខណៈរថយន្តពេទ្យមកដល់ ក៏នាំគ្នាជួយលើកដាក់លើរថយន្តយកទៅមណ្ឌលសុខភាពស្រុកកូនមុំភ្លាមៗតែម្ដង ហើយម្តាយ និងទារកមិនមានគ្រោះថ្នាក់អ្វីឡើយ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ-ស្រុក និងក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ស្វះស្វែងជួយអន្តរាគមន៍ រថយន្តសង្រ្គោះដឹកស្រ្តីឆ្លងទន្លេមកមណ្ឌលសុខភាព និងសង្គ្រោះអាយុជីវិតបានទាន់ពេលវេលា៕