(ព្រះសីហនុ)៖ ឧកញ៉ា ទៀ វិចិត្រ រួមដំណើរដោយលោក សរ កក្កដា អភិបាលរងស្រុកព្រៃនប់ អាជ្ញាធរ ភូមិ-ឃុំ និងសមាជិក ស.ស.យ.ក ស្រុក-ឃុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយផ្ទាល់ខ្លួនរបស់ឧកញ៉ា ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ កាលពីម្សិលមិញ ឈ្មោះ ស៊ឹម សោភ័ណ្ឌ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អំណោយទទួលបានមានថវិកាចំនួន ៥០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀតផងដែរ ។ កាយវិការដ៏ប្រពៃ និងទឹកចិត្តសប្បុរសរបស់ ឧកញ៉ា បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ក៏ដូចជាក្នុងខេត្តព្រះសីហនុ ទាំងមូលមានការគោរព និងស្ងើចសរសើរយ៉ាងខ្លាំង នូវអំពើល្អរបស់លោកនាពេលបច្ចុប្បន្ននេះ និងបានជូនពរឧកញ៉ា ឲ្យកាន់តែទទួលបាននូវភាពជោគជ័យ និងភាពចំរើនយ៉ាងខ្លាំងនៅក្នុងជីវិត ក៏ដូចជាសង្គមការងារ ។

ឧកញ៉ា ទៀ វិចិត្រ បានប្រកាន់ទស្សនៈថា បើយើងគិតល្អ និយាយល្អ ធ្វើល្អហើយ អ្នកដទៃគេថាមិនល្អ ក៏ជារឿងរបស់គេ យើងកុំបោះបង់ការធ្វើល្អរបស់យើង វាស្ថិតនៅត្រង់ខ្លួនយើង មិនមែននៅត្រង់មាត់អ្នកដទៃ ព្រមទាំងជំរុញឲ្យយុវជនប្រព្រឹត្តតែអំពើល្អ និងរីកចំរើនដល់សង្គមជាតិផងដែរ ៕