(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុសបានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ។

លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែរថា មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជា ចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសផ្តល់បាឋកថា តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) តាមការអញ្ជើញរបស់សាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក សរុបប្រមាណ១៥០រូប មកពី២៧ស្ថាប័ន ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធន៍ជូនសិក្ខាកាម ទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលលោកបានបម្រើការនៅក្នុងវិស័យឯកជន ជាពិសេសនៅក្នុងក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិកអស់រយៈពេល១៦ឆ្នាំ និងប្រវត្តិការងារនៃភាពជាអ្នកដឹកនាំ នៅក្នុងស្ថាប័ននានារបស់រាជរដ្ឋាភិបាល និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការងារកំណែទម្រង់ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងផែនការរយៈពេល១០០ថ្ងៃ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់អង្គសិក្ខាកាមថា បើយើងចង់ក្លាយខ្លួន ជាអ្នកដឹកនាំក្នុងការបម្រើប្រទេសជាតិប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជាអំពីការងារផ្សេងៗគ្នា កុំឱ្យនៅមួយកន្លែង ជាពិសេសត្រូវប្រែក្លាយខ្លួនឱ្យទៅជា អ្នកចេះដឹងទូទៅ (Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់នៃការងារ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា ការចូលរួម ចំណែកផ្តល់បាឋកថា របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាសកម្មភាពដ៏ថ្លៃថ្លា ដើម្បីជួយពង្រឹងនូវប្រសិទ្ធភាពនៃការកសាងធនធាន មនុស្សស្របតាម គោលនយោបាយ អភិវឌ្ឍន៍ធនធាន មនុស្សនៅក្នុងវិស័យសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីពង្រឹងដំណើរ ការបណ្តុះបណ្តាល នៃសាលាភូមិន្ទរដ្ឋបាល ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផងដែរ។

លោក យក់ ប៊ុនណា ក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្នុងនាមថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល រួមទាំងដៃគូសហការធនាគារពិភពលោក បានថ្លែងអំណរគុណលោកទេសរដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកក្នុងការងារ ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជាច្រើនឆ្នាំទាំងនៅក្នុងវិស័យសាធារណៈ និងក្នុងវិស័យឯកជន ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលផងដែរ៕