(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន១៣៤នាក់ និងស្លាប់ចំនួន៣នាក់ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នេះ។

រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា ករណីទី១ ដល់ទី៣៥ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក ករណីទី៣៦ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី៣៨ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ចំពោះ ករណីទី៣៩ ដល់ទី៥១ គឺជាអ្នកដំណើរ និងឆ្លងបន្តពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ដោយឡែក ករណីទី៥២ ដល់ទី៧៥ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជាសះស្បើយទាំង១៣៤នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្តទៀត។

នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានបញ្ជាក់ពីករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ ដូចមានរាយនាមខាងក្រោម៖

ទី១៖ ឈ្មោះ សេ សា ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋានភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

ទី២៖ ឈ្មោះ យ៉ោក មុំ ភេទប្រុស អាយុ៥៩ឆ្នាំ អាសយដ្ឋានភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៦៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

ទី៣៖ ឈ្មោះ លួន ផរ ភេទស្រី អាយុ៣៨ឆ្នាំ អាសយដ្ឋានភូមិវត្តល្វា ឃុំស្ពានត្នោត ស្រុកជីក្រែង ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤៖៥០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៥៥៦នាក់ បានព្យាបាលជាសះស្បើយចំនួន៦៦២៩នាក់ ស្លាប់៧៧នាក់ និង៨៥០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕