(ភ្នំពេញ)៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការវីនរ៉ក់ បានរៀបចំកម្មវិធីប្រកាសជាផ្លូវការ គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល ៥ឆ្នាំ (២០២១-២០២៦) អនុវត្តដោយអង្គការ វីនរ៉ក់អន្តរជាតិ ក្រោមមូលនិធិ របស់ទីភ្នាក់ងារជំនួយថវិការរបស់អាមេរិច (USAID)។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (ហ្សូម) ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ប្រធានអង្គការវីនរ៉ក់កម្ពុជា, ទីប្រឹក្សាឯករាជ្យ, លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំកម្ពុជា និងអង្គការដៃគូរពាក់ព័ន្ធនានា។

គម្រោងផ្លូវការគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ សម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៦) មានសារៈសំខាន់ លើដំណោះស្រាយចំពោះឬសគល់ ឬមូលហេតុចម្បងដែលនាំឱ្យមានអំពីជួញដូរមនុស្ស និងការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការរំលោភបំពានកម្លាំងពលកម្ម និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយដល់ជនរងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ គម្រោងនេះ នឹងត្រូវដាក់អនុវត្ត នៅក្នុងរាជធានីខេត្តគោលដៅចំនួន៨ មានរាជធានីភ្នំពេញ ព្រៃវែង កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង ព្រះសីហនុ កោះកុង។

ថ្លែងក្នុងនាមសម្តេចក្រឡាហោម ស ខេង លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្តេជ្ញាសហការជាមួយ ដៃគូរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច។

លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះបីជាមានបញ្ហាប្រឈមច្រើនយ៉ាងណាក៏ដោយ យើងមិនបញ្ឈប់សកម្មភាពការងារ របស់យើងឡើយ។ យើងប្តេជ្ញា សហការជាមួយដៃគូរ ពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ប្រទេស និងកម្រិតតំបន់ លុបបំបាត់ រាល់ទម្រង់នៃ អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ច ដើម្បីលើកស្ទួយការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងយុត្តិធម៌សង្គមមនុស្សជាតិ»