(ភ្នំពេញ)៖ កម្ពុជាបាននិងកំពុងចាត់វិធានការលើក្រុមហ៊ុននាំចូលគុយទាវក្រៀមកញ្ចប់ ដែលបានយកស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» បន្លំដាក់លើផលិតផលគុយទាវរបស់ពួកគេ ហើយកំពុងដាក់លក់នៅសហរដ្ឋមអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋមេរិក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ចំណាត់ការលើក្រុមហ៊ុននេះ ធ្វើឡើងបន្ទាប់ពីរកឃើញករណីចែកចាយ នៅលើទីផ្សារសហរដ្ឋអាមេរិក នូវផលិតផលគុយទាវ
ក្រៀមកញ្ចប់ ដែលមិនមែនជាផលិតផលរបស់កម្ពុជា ហើយនៅលើសំបកវេចខ្ចប់មានការប្រើប្រាស់ស្លាកសញ្ញា «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» កំពុងត្រូវបានដាក់លក់នៅតាមបណ្តាផ្សារអាស៊ី ក្នុងតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក (East Coast)។

ស្ថានទូតកម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ពាក្យនិងម៉ាក «ផលិតផលគុយទាវភ្នំពេញ» និង «រូបសញ្ញាប្រាសាទអង្គរវត្ត» ដោយមិនមានការអនុញ្ញាតពីអាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជា បានរំលោភបំពានលើបទប្បញ្ញត្តិច្បាប់របស់កម្ពុជា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសការប្រើប្រាស់ម៉ាក គុយទាវភ្នំពេញ បានធ្វើឱ្យអ្នកប្រើប្រាស់ទូទៅមានការភាន់ច្រឡំ អំពីប្រភពដើមនៃផលិតផលគុយទាវកញ្ចប់។

សេចក្តីប្រកាសព័ត៌មានដដែលបានសង្កាត់ធ្ងន់ថា «ស្ថានទូតបានស្រាវជ្រាវកំណត់មុខសញ្ញា និងចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ចុះជួបណែនាំ
ដល់ក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះ ដល់ទីតាំងក្រុមហ៊ុន ព្រមទាំងបានចេញលិខិតជូនដំណឹងជាផ្លូវការទៅក្រុមហ៊ុនទាំងនោះ ឱ្យបញ្ឈប់ធ្វើការនាំចូល ឬដាក់លក់នូវផលិតបែបនេះបន្តទៀត ហើយស្ថានទូតនឹងដាក់ចេញនូវវិធានការបន្ត ក្នុងករណីក្រុមហ៊ុនមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹង»

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចំពោះប្រភពដើមផលិតនៃផលិតផលគុយទាវក្រៀមនេះ ក្រសួងពាណិជ្ជកម្ម ត្រូវការស្រាវជ្រាវបន្ត ដើម្បីឲ្យច្បាស់ថា ផលិតនៅប្រទេសណា ខណៈតាមការសន្និដ្ឋានអាចផលិតនៅប្រទេសវៀតណាម។ ប្រសិនដឹងច្បាស់ពីប្រភពអ្នកផលិត ក្រសួងនឹងចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់។

លោកបានបញ្ជាក់ថា «នៅវៀតណាម គេបិទខ្ទប់ តំណាងពាណិជ្ជកម្មមិនទាន់អាចចុះទៅស្រាវជ្រាវបាន។ បើច្បាស់ពីប្រភព យើងនឹងមានសំណើជាផ្លូវការឲ្យបញ្ឈប់ជាបន្ទាន់ ដូចដែលបានធ្វើកន្លងទៅដែរ»

លោកបន្ថែមទៀតថា បញ្ហានេះកើតមានជាហូរហែ ហើយក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់វិធានការ តាមរយៈការផ្ញើលិខិតទៅស្ថានទូតបរទេស សុំឲ្យណែនាំក្រុមហ៊ុនទាំងនោះបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ រូបប្រាសាទអង្គរវត្ត ឬទង់ជាតិខ្មែរយើង៕