(ភ្នំពេញ)៖ ឧកញ៉ា ឡេង ប្រុស និងភរិយា ព្រមទាំងក្រុមគ្រួសារត្រកូល «ឡេង» បានឧបត្ថម្ភត្រីខកំប៉ុង ១០ម៉ឺនកំប៉ុង មី ១ពាន់កេស និងទឹកបរិសុទ្ធចំនួន ១ពាន់កេស ជូនទៅគណបក្សប្រជាជនកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋជួបការខ្វះខាតព្រោះតែជំងឺកូវីដ១៩។

លោក ហេង សួរ ប្រធានផ្នែករាជធានីភ្នំពេញ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងអំណរគុណលោកឧកញ៉ា ឡេង ប្រុស និងភរិយា ក៏ដូចជាក្រុមគ្រួសារត្រកូល «ឡេង» ដែលបានចូលរួមឧបត្ថម្ភស្បៀងអាហារជួយដល់ប្រជាពលរដ្ឋខ្វះខាត។

លោក ហេង សួរ បានគូសរំលេចក្នុងលិខិតថ្លែងអំណរគុណថា «នេះជាទឹកចិត្តដ៏សប្បុរស និងជាការចូលរួមគាំទ្រដ៏ថ្លៃថ្លាបំផុត ដើម្បីប្រជាជននៅក្នុងគ្រាដ៏លំបាកនេះ»

ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។

ជាពិសេសក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ បងប្អូនត្រកូល «ឡេង» តែបានឧបត្ថម្ភជាថវិកា និងស្បៀអាហារផ្សេងៗ ទៅកាន់រាជរដ្ឋាភិបាល អាជ្ញាធរនៅតាមរាជធានី ខេត្ត ក៏ដូចជាអង្គភាពផ្សេងៗរបស់រដ្ឋទាំងកងកម្លាំង និងស៊ីវិល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ក៏ដូចជាការដោះស្រាយការលំបាកនៅក្នុងអង្គភាពផ្ទាល់។

កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា។

ឧកញ៉ា ឡេង ប្រុស បានលើកឡើងថា ក្នុងនាមត្រកូលអ្នកធ្លាប់ខ្វះខាត និងធ្លាប់ហែលឆ្លងការលំបាកជាច្រើនក្នុងជីវិតនោះ បងប្អូនត្រកូល «ឡេង» របស់លោក គឺរីករាយ និងត្រេកអរជាអនេកចំពោះការចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាត៕