(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងនៅតាមបណ្តាទីតាំងមណ្ឌលសុខភាពស្រុក បានផ្ដល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ ជូនដល់សមាគមអតីតយុទ្ធជន ចំនួន ៦,៦៣១នាក់ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឱ្យដឹងថា អតីតយុទ្ធជនចំនួន ៦,៦៣១នាក់ បានមកទទួលចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ទាំង២លើក មានចំនួន ៥,៥៩៤នាក់។ ជាក់ស្តែងថ្ងៃនេះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប ចំនួន ១,៤០០នាក់ បានទទួលចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព៣មណ្ឌល ហើយចំពោះបងប្អូនអតីតយុទ្ធជននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពមួយចំនួនដែលបានកំណត់។

លោកឧត្តមសេនីយ៍ទោ ក៏បានគោរពថ្លែងអំណរគុណសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមអតីតយុទ្ធកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានផ្ដល់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលទទួលចាក់រួចទាំងពីរលើកចំនួន ៥,៥៩៤នាក់។

លោកឧត្តមសេនីយ៍ទោ តំណាងឱ្យអតីតយុទ្ធជនក្នុងខេត្តសៀមរាប បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ព្រមទាំងលោកទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ដូសទី៣ ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនអតីតយុទ្ធជន ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ខណៈដែលចំនួនអ្នកឆ្លងកើនឡើងគួរឱ្យព្រួយបារម្ភ។

លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់អតីតយុទ្ធជន ត្រូវតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច និងអនុវត្តន៍ឲ្យបានជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើមី្បជៀសផុតពីការឆ្លងនូវមេរោគដ៏កាចសាហាវ បំប្លែងថ្មីប្រភេទ (ដែលតា) ដែលមានហានិភ័យខ្ពស់៕