(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំពង្រឹង ផលិតផលទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិ ដែលប្រព្រឹត្តិទៅ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានផ្តោតជាសំខាន់ ឲ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា បំផុសចលនាឲ្យមានការប្រឡងចម្រៀង បុរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី នៅតាមរាជធានី-ខេត្ត ដោយសង្កត់ធ្ងន់លើខ្លឹមសារស្តីពីសក្តានុពល និងសកម្មភាពទេសចរណ៍​ដែលមានមូលដ្ឋាន និងត្រូវរៀបចំ​នៅក្នុងមូលដ្ឋានជាដើម។

ក្រសួងទេសចរណ៍​បានបន្ថែមថា នៅក្នុងកម្មវិធីខាងលើ​ត្រូវរៀបចំឲ្យមានល្បែងប្រជាប្រិយ គ្រប់ប្រភេទនៅតាម​រមណីយដ្ឋានទៅតាមប្រពៃណីខ្មែរ​ ដូចជា បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និង ស្តេចចង់-ល-។

យោងតាមសេចក្តីណែនាំរបស់​ក្រសួងទេសចរណ៍​ដដែលបានស្នើឲ្យ មានការសម្តែងរបាំត្រុដិ នៅតាមគោលដៅ​សំខាន់ៗ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងមូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ។

នៅថ្ងៃទី១៣-១៤ -១៥-១៦ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ ក្រសួងទេសចរណ៍ បានសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីធានាសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ ទីចំណត ជូនភ្ញៀវទេសចរណ៍ បានល្អប្រសើរផងដែរ៕