(ភ្នំពេញ)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងបងប្អូនត្រកូល «ឡេង» បានបន្តចូលរួមបរិច្ចាគបន្ថែមទៀតនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយបានឧបត្ថម្ភត្រីខ មី និងទឹកសុទ្ធរាប់សិបកេះ ដើម្បីជួយសម្រាលទុក្ខ និងការលំបាកនានាសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងឡាយណា កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ ជាពិសេសនោះសម្រាប់បងប្អូនពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ។

អំណោយជាគ្រឿងបរិភោគ និងទឹកសុទ្ធខាងលើនេះ ត្រូវបានលោកឧកញ៉ា ឡេង ប្រុស ផ្តល់ជូនយុវជនបក្សថ្នាក់កណ្ដាលផ្នែករាជធានី-ខេត្ត តាមរយៈលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផ្នែករាជធានី-ខេត្ត ដើម្បីយកទៅបន្តជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារកូវីដ១៩ ពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃវិញ។

លោកឧកញ៉ា ឡេង ប្រុស បានថ្លែងថា អំណោយទាំងនេះរួមមាន៖ ត្រីខចំនួន១០ម៉ឺនកំប៉ុង, មីចំនួន១ពាន់កេះ និងទឹកសុទ្ធចំនួន១ពាន់កេះ។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោក ហេង សួរ បានចេញលិខិតថ្លែង អំណរគុណចំពោះលោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារត្រកូល «ឡេង» ដែលបានបរិច្ចាគនូវគ្រឿងបរិភោគទាំងនេះជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានជួបការលំបាកដោយសារជំងឺកូវីដ ហើយលោកចាត់ទុកថា «សកម្មភាពនេះជាទឹកចិត្តដ៏សប្បុរស និងជាការចូលរួមដ៏ថ្លៃថ្លាបំផុតដើម្បីជួយប្រជាជនក្នុងគ្រាដ៏លំបាកនេះ»

សូមបញ្ជាក់ថា កាលពីពេលក ន្លងទៅលោកឧកញ៉ា ឡេង ប្រុស រួមជាមួយបងប្អូនរបស់ខ្លួន គឺក្រុមគ្រួសារត្រកូល «ឡេង» តែងតែបរិច្ចាគនូវទ្រព្យសម្បត្តិយ៉ាងច្រើនទាំងថវិកាផ្ទាល់ និងគ្រឿងបរិភោគជួយដល់ក្រសួង ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋជាក់ស្តែងតែម្តង ជាពិសេសនៅក្នុងដំណាក់កាលជំងឺកូវីដកំពុងតែវាយលុកនេះ។

កាលពីពេលថ្មីៗនេះលោកឧកញ៉ា និងភរិយា ក៏បានឧបត្ថម្ភថវិកា ៤០លានរៀល និងត្រីវខកំប៉ុង ៥០០កេស ជូនទៅកងទ័ពនៅយោធភូមិភាគទី៥ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងទ័ព ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកឧកញ៉ា និងភរិយា តំណាងឱ្យគ្រួសារត្រកូល «ឡេង» ក៏បាននាំយកផ្លែមៀន និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែងផងដែរ។ ឧកញ៉ា ឡេង ប្រុស បានឱ្យដឹងថា ផ្លែមៀន ដែលបានយកទៅប្រគេនព្រះសង្ឃនោះមានចំនួន ៤តោន។ ក្រៅពីផ្លែមៀន រួមមាន៖ អង្ករ ១០៥បាវ, ត្រីខ ២២០កេស, មី ៤៨០កេស, ទឹកសុទ្ធ ៤៧០កេស និងថវិកាប្រមាណ ៨លាន ៤០ម៉ឺនរៀលផងដែរ។

ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។

ជាពិសេសក្នុងកំលុងពេលរាតត្បាតនៃជំងឺកូវីដ១៩នេះ បងប្អូនត្រកូល «ឡេង» តែបានឧបត្ថម្ភជាថវិកា និងស្បៀអាហារផ្សេងៗ ទៅកាន់អាជ្ញាធរនៅតាមរាជធានី ខេត្ត ក៏ដូចជាអង្គភាពផ្សេងៗរបស់រដ្ឋទាំងកងកម្លាំង និងស៊ីវិល ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋជួបការខ្វះខាត ក៏ដូចជាការដោះស្រាយការលំបាកនៅក្នុងអង្គភាពផ្ទាល់៕