(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីសាលាខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់ និងធ្វើអនាម័យបរិស្ថាន នៅតាមបណ្តោយមហាវិថីមុន្នីរ៉េត រហូតដល់កំណាត់មហាវិថីព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ និងសង្កាត់អូឡាំពិក និងតាមបណ្តោយផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក ធឹម សំអាន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋលក់ដូរតាមលំនៅឋាន និងអាជីវករ ដែលបានចូលរួមសហការរៀចំលក់ដូរ មានរបៀបរៀបរយ ដោយទុក ចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងធ្វើដំណើរឆ្លងកាត់ និងបានសំណូមពរដល់ប្រជាជនដែលរស់នៅតាមខ្នងផ្ទះនីមួយៗ ស្របតាមកំណាត់មហាវិថីមុន្នីរ៉េត មហាវិថីព្រះសីហនុនេះ និងតាមបណ្តោយផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក។ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ (ពិសេសសំរាមសើម ងាយរលួយ) និងចូលរួមសម្អាត និងធ្វើអនាម័យ បរិស្ថានមូលដ្ឋានខណ្ឌបឹងកេងកង និងទីក្រុងភ្នំពេញឱ្យកាន់តែស្អាតល្អប្រសើរថែមមួយកំរិតទៀត។

ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានសម្តែងសេចក្តីអរ និងគាំទ្រលើការងារសង្គមនេះ ដោយធ្វើឱ្យមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ប្រែមុខមាត់ថ្មី ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានី និងពីសំណាក់លោក ធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកង ធ្វើឱ្យខណ្ឌបឹងកេងកង មានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានល្អប្រសើរគួរអោយចង់រស់នៅ។

ក្នុងឱកាសនោះដែរលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មាន ៣កុំ និង៣ការពារ ផងដែរ៕