(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ មហាឧបាសិកា សុ គម ដែលត្រូវជាភរិយាលោក ជា សុទ្ធ អតីតសមាជិកគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្នុងលិខិតរំលកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឱ្យដឹងថា «ខ្ញុំ និងភរិយាខ្ញុំ មានសេចក្តីក្រៀមក្រំចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកា សុ គម បានទទួលមរណភាពនៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:២១នាទីរសៀល ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ»។

សម្ដេចបានចាត់ទុកថា «ការបាត់បង់មហាឧបាសិកា សុ គម គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នក ហ៊ានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីគ្រួសារ។ ទោះបីរូបកាយរបស់មហាឧបាសិកា សុ គម បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាមនឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍ នៅក្នុងសន្តានចិត្ដកូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់»

សម្តេចបានបន្តថា «ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា សុ គម ឆាប់បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ។ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួល នូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមកំអំពីខ្ញុំ»

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖