(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា មានមេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់ខ្លួន។

លោកអះអាងថា មេរៀនទាំង៤នេះ រួមមាន៖

ទី១៖ ការពង្រឹងនូវឯកភាព និងសាម្គីភាពផ្ទៃក្នុងជាមួយ និងស្មារតីជាតិនិយម គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ

ទី២៖ ការខិតខំថែរក្សា និងផ្តល់តម្លៃលើសន្តិភាពដែលខ្លួនកំពុងតែមាន កុំចាំរហូតដល់ពេលបាត់បង់ទើបចេះស្តាយក្រោយ

ទី៣៖ ភាពអណាធិបតេយ្យនៃសណ្តាប់ធ្នាប់នយោបាយអន្តជាតិនាពេលបច្ចុប្បន្ន ដែលចាប់ផ្តើមពីការចោទប្រកាន់គ្មានមូលដ្ឋានក្រោមហេតុផល និងលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពីប្រទេសមហាអំណាច និងបន្ទាប់មកឈានទៅរកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដើម្បីគ្រប់គ្រង និងកាន់កាប់

និងទី៤៖ វិធានការក្នុងការឆ្លើយតប ទប់ស្កាត់ និងថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ដែលកំពុងតែមាននាពេលបច្ចុប្បន្ននេះ តាមរយៈការពង្រឹងខ្លួនឯង ទំនាក់ទំនងអន្តរជាតិ និងនយោបាយការទូត និងការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ក្នុងនាមជារដ្ឋអធិបតេយ្យ៕