(ពោធិ៍សាត់)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅប្រគល់ជូនលោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តពោធិ៍សាត់។

លោកយាយ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នូវថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតនោះរួមមាន៖

* ទី១៖ លោកយាយ រ៉ុប អ៉ឹន អាយុ១០១ឆ្នាំ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់
* ទី២៖ លោកយាយ ច ធឿន អាយុ១០៣ឆ្នាំ រស់នៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយទាំងពីររូប ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់គាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់ពួកគាត់ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។

ពួកគាត់បានអះអាងទៀតថា មូលហេតុដែលនាំឲ្យពួកគាត់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំង ដោយសារតែភ័យខ្លាចការឆ្លងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល៕