(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-កូរ៉េ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូពីចម្ងាយ តាមគោលការណ៍ឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការឱ្យដឹងបែបនេះ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។

សូមរំឮកថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន ដែលរួមមាន៖ ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង (MPWT) នឹងធ្វើការសហប្រតិបត្តិការល្អជាមួយលេខាធិការដ្ឋាន អាស៊ានដើម្បីសម្រេចគោលដៅនេះ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរូមពីអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀបចំប្រព័ន្ធវីដេអូពីចម្ងាយឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូនផងដែរ៕