(ភ្នំពេញ)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ មានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នាដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង «ថ្នាលទូរទស្សន៍ឌីជីថលជាតិ» ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យបានតាមផែនការរបស់អាស៊ាន និយាយជារួម និងនិយាយដោយឡែកស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាល ទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថា្នលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុន នឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។

លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការគ្នា បង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ»

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងដែរថា លោកមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នា បង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា និងមានមោទនភាពដែលបាន ចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។

ទន្ទឹមនឹងគ្នានេះ លោកឧកញ៉ា អ៉ឹង ឆៃងួន បានលើកឡើងថា ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដារថ្មីស្រឡាងមួយទៀត ដែលមានកម្រិតផ្សាយគុណភាពខ្ពស់ ច្បាស់ត្រជាក់ភ្នែក កម្រិត UHD 4K ។ ទូរទស្សន៍ឌីជីថលនេះជាថ្នាលប្រមូលផ្តុំនៃកម្មវិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែល ធានានូវការផ្ដល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈ កម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជា អស់រយៈពេល ២៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនយើងមានជំនឿយ៉ាងមុតមាំថានឹងអភិវឌ្ឍ ឧស្សាហកម្មសោតទស្សន៍និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ៕