(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញការសាងសង់សង់ស្ពានបេតុងត្រើយកោះ នៅសង្កាត់អណ្តូងខ្មៃរ ក្រុងកំពត ឱ្យចប់នៅចុងឆ្នាំ២០២១នេះ ព្រោះស្ពានត្រើយកោះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្រជាដើម។

ការជំរុញបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញដល់ការកសាងស្ពានត្រើយកោះ ការអភិវឌ្ឍន៍តំបន់បៃតង និងការដោះស្រាយឆ្លើយតបសំណូមពរសុំប័ណ្ណកម្មសិទ្ធ របស់ពលរដ្ឋ១៣គ្រួសារ នៅសង្កាត់អណ្តូងខ្មៃរ ក្រុងកំពត។

លោក ជាវ តាយ បានលើកឡើងថា ទីតាំងតំបន់អភិវឌ្ឍ តំបន់បៃតងក្រុងកំពត មានទេសភាពស្អាត និងទាក់ទាញអាចជាកន្លែងកម្សាន្តលំហែកាយរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយស្របពេលទៅនឹងរដ្ឋបាល និងពលរដ្ឋទាមទារការអភិវឌ្ឍន៍ជាសំខាន់ ដើម្បីធានាដល់និរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ជាទូទៅឱ្យបានច្រើនបំផុតផងដែរនោះ។ ដូច្នេះ អាជ្ញាធរជំនាញ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាមួយគ្នា ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីឱ្យគម្រោងអភិវឌ្ឍអាចដំណើរការទៅបានលទ្ធផលដោយជោគជ័យទៅថ្ងៃខាងមុខ។

ពាក់ព័ន្ធការសាងសង់ស្ពានបេតុងត្រើយកោះ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន គឺលោកអភិបាលខេត្ត «បានជំរុញការសាងសង់ឱ្យចប់នៅចុងឆ្នាំ២០២១នេះ ព្រោះស្ពានត្រើយកោះមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្រជាដើម»

ចំណែកការឆ្លើយតបបញ្ហាសំណូមពរសុំប័ណ្ណកម្មសិទ្ធ របស់ប្រជាពលរដ្ឋទាំង១៣គ្រួសារ គឺលោកអភិបាលខេត្ត បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធរបស់ពលរដ្ឋសង្កាត់អណ្តូងខ្មែរ និងសង្គាត់ត្រើយកោះ នៅមិនទាន់បានចេញនៅឡើយទេ ដោយសារបញ្ហាស្មុគស្មាញពាក់ព័ន្ធលំនៅដ្ឋានទាំងនោះ ស្ថិតនៅលើចំណីព្រែក និងលើទឹកព្រែកតែម្តង។

តែទោះបីយ៉ាងណាលោកអភិបាលខេត្ត រដ្ឋបាលខេត្តក៏បានជំរុញឱ្យជំនាញ កំពុងសិក្សាបន្ថែម ដើម្បីផ្ដល់ជូនបណ្ណកម្មសិទ្ធិឱ្យបានឆាប់នៅពេលខាងមុខនេះ ប៉ុន្តែសូមស្នើឱ្យជំនាញ និងអាជ្ញាធរ រួមនិងប្រជាពលរដ្ឋខិតខំសម្របសម្រួលសហការគ្នាដោះស្រាយដោយភាពទន់ភ្លន់ និងភាពវៃឆ្លាត រដ្ឋក៏ចំណេញ ប្រជាពលរដ្ឋក៏សប្បាយចិត្ត។

ចំពោះគម្រោងរដ្ឋបាលខេត្តនិងរៀបចំជាតំបន់បៃតង និងការអភិវឌ្ឍន៍ផ្លូវ ឲ្យបានជាសម្បត្តិសាធារណរបស់រដ្ឋ សម្រាប់បម្រើប្រយោជន៍សាធារណៈ និងការទាក់ទាញទេសចរណ៍ ពិសេសការបង្កើតឱ្យមានសួនកំសាន្ត និងកន្លែងហាត់ប្រាណសាធារណៈជាដើម៕