(ភ្នំពេញ)៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន២០នាក់ ដែលបានទទួលមរណៈភាព ក្នុងអំឡុងពេលជំងឺកូវីដ១៩ ត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ដោយបានឧបត្ថម្ភនូវថវិកា សរុបចំនួន ៨០លានរៀល ជូនគ្រួសារសពចំនួន២០គ្រួសារ។

ថវិកាទាំងនេះ ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាំយកប្រគល់ជូនផ្ទាល់ដល់គ្រួសារសព នៅតាមមូលដ្ឋានរស់នៅភូមិ សង្កាត់ ដើម្បីឱ្យក្រុមគ្រួសារសពអតីតយុទ្ធជនយកថវិកាទាំងនេះ សម្រាប់ដោះស្រាយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ បានរៀបចំប្រគល់នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅតាមបណ្តាខណ្ឌផ្សេងទៀត ក្រោមការដឹកនាំក្រុមការងារ ដោយលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង ប្រធានកិត្តិយស និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ដែលជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ថវិកាទាំងនេះប្រគល់ជូនសមាជិកគ្រួសារសព មកពី០៩ខណ្ឌ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៤លានរៀលរួមមាន៖

*ទី១៖ ខណ្ឌសែនសុខ ចំនួន ១០គ្រួសារ
*ទី២៖ ខណ្ឌទួលគោក០១គ្រួសារ
*ទី៣៖ខណ្ឌប្ញស្សីកែវ០២គ្រួសារ
*ទី៤៖ ខណ្ឌដង្កោ០១គ្រួសារ
*ទី៥៖ ខណ្ឌពោធិ៍សែនជ័យ០១គ្រួសារ
*ទី៦៖ ខណ្ឌមានជ័យ០២គ្រួសារ
*ទី៧៖ ខណ្ឌចំការមន០១គ្រួសារ
*ទី៨៖ ខណ្ឌកំបូល០១គ្រួសារ
និងទី៩៖ ខណ្ឌបឹងកេងកង០១គ្រួសារ។

ក្នុងឱកាសនោះ លោកស្រីក៏បាននាំនូវបណ្តាំសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងការចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយបងប្អូនក្រុមគ្រួសារសពអតីតយុទ្ធជន ដែលសមាគមបានបាត់បង់នូវយុទ្ធជន ធ្លាប់មានគុណតម្លៃដ៏ធំធេង ដែលបានចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា និងជាពិសេសបានចូលរួមអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ។ វីរៈភាពភាពទាំងនេះ របស់បងប្អូនអតីតយុទ្ធជន គឺបានស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

លោកស្រី មុំ ចាន់ដានី និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ក៏បានលើកឡើងទៀតថា សមាគមអតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ប្រធានកិត្តិយស និងលោកឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈ គឺមិនបោះបង់បងប្អូនអតីតយុទ្ធជនកម្ពុជានោះទេ តែងតែចុះសាកសួរសុខទុក្ខ និងចូលរួមដោះស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។

ជាក់ស្តែងក្នុងអំឡុងដែលប្រទេសកម្ពុជា ទទួលរងគ្រោះដោយជំងឺឆ្លងកូវីដ១៩ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏បានគិតគូរពីសុវត្ថិភាពបងប្អូនអតីតយុទ្ធជន ដោយបានផ្តល់ជាអទិភាពដល់បងប្អូនអតីតយុទ្ធជន បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៣ ក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់អាយុជីវិតហ៊ានពលីសព្វបែបយ៉ាង ចំពោះជាតិ និងមាតុភូមិកម្ពុជា៕