(កំពង់ស្ពឺ)៖ លោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ, តំណាងលោក វ៉ី សំណាង អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ចំនួន៥តោន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា ដើម្បីចែកជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធព្រមទាំងក្រុមគ្រួសារបរិភោគ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺ បានទទួលផ្លែមានចំនួន៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានទិញពីកសិករដាំផ្លែមៀន ដែលជាប់គាំងរកទីផ្សាលក់មិនទាន់បាន។

លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់កសិករអ្នកដាំផ្លែមៀន សម្តេចទាំងទ្វេរបានចំណាយធនធានជួយទិញនូវផ្លែមៀនពីកសិករមកចែកជូនមន្ត្រីរាជការ អ្នកធ្វើចត្តាឡីស័ក គ្រូពេទ្យ កងកម្លាំង។ល។ បានទទួលទានផង និងជួយសម្រាលទុក្ខលំបាកនៃការខ្វះខាតដើមទុនរបស់បងប្អូនកសិករអ្នកដាំផ្លែមៀនផង។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលថា ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូពេទ្យ បងប្អូនដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលគ្រប់កាលៈទេសៈសម្តេចទាំងទ្វេរតែងតែដឹងសុខទុក្ខចំពោះយើងខ្ញុំ និងប្រជាពលរដ្ឋគ្រប់ពេល។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៕