(បាត់ដំបង)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង។

សកម្មភាពមនុស្សធម៌នេះត្រូវបានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅបរិវេណវត្តកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

គួរជម្រាបថា គ្រោះធម្មជាតិខាងលើនេះបានកើតឡើងចំនួន ២លើក គឺនៅថ្ងៃទី១៧ និង១៩ ខែសីហា ឆ្នាំ២០២១។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះខាងលើ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីងៀត ១គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ ៦ដប សារុង ១ ក្រមា ១ ម៉ាស់ ១០បន្ទះ អាល់កុល ១ដប ទឹកបរិសុទ្ធចំណុះ២០មីលីលីត្រចំនួន ១ធុង និងថវិកាមួយចំនួនទៀត។ ដោយឡែក សម្រាប់គ្រួសារដែលរលំផ្ទះអស់ទាំងស្រុង ក្រុមការងារសាខាកាកបាទក្រហមក៏បានផ្ដល់ជូននូវតង់បន្ថែម ១ផ្ទាំង សម្រាប់ប្រក់ជាទីជម្រកបណ្ដោះអាសន្ន។

ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋ គឺលោកស្រី ឆៃ លឿម អាយុ៤៩ឆ្នាំ ដែលជាស្ត្រីមេម៉ាយ ទទួលបន្ទុកចិញ្ចឹមកូនប្រុសស្រី ៣នាក់ រស់នៅភូមិស្វាយវែង ឃុំកំរៀង ដែលផ្ទះចាស់របស់គាត់រងគ្រោះដោយខ្យល់ខូចខាតទាំងស្រុង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ដោយមើលឃើញពីជីវភាពខ្វះខាតសម្រាប់សាងសង់លំនៅដ្ឋានថ្មី ក្រុមការងារចុះជួយមូលដ្ឋានឃុំកំរៀង អាជ្ញាធរស្រុកកំរៀង និងសប្បុរសជន ក៏បានរៃអង្គាសថវិកាសម្រាប់ធ្វើផ្ទះថ្មីជូនស្ត្រីខាងលើ។ ក្នុងនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ប៊ុត គឹមស៊ាន ក៏បានឧបត្ថម្ភបំពេញបន្ថែមពីជាមួយក្រុមការងារ និងសប្បុរសជន ដោយរៃបានឧបត្ថម្ភថវិកាសរុបចំនួន ១លានរៀល ជាមួយសម្រាប់សាងសងផ្ទះថ្មីដែលមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី នាពេលខាងមុខ។

ជាមួយគ្នានេះ ប្រតិភូសាខាកាកបាទក្រហមខេត្តបាត់ដំបង បានបន្តនាំយកគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកំរៀងផងដែរ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកបរិសុទ្ធចំនួន ១០កេស ម៉ាស់ ៥ប្រអប់ អាល់កុល ១០ដប ត្រីងៀត ៥គីឡូក្រាម និងបច្ច័យមួយចំនួនទៀត។

លោក អ៊ុយ រី និងលោក ប៊ុត គឹមស៊ាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង ជាពិសេសត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ មានវិធានការ «៣-ការពារ និង ៣-កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ទាំងអស់គ្នា៕