(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ។

កម្មវិធីផ្សាយផ្ទាល់ ដែលមានឈ្មោះថា «MPWT LIVE SHOW» នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។ វាគ្មិនដំបូង ដែលចូលមកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់នេះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចូលខ្លួនបកស្រាយលើប្រធានបទ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣»។ តាមរយៈប្រធានបទនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងលើកបង្ហាញការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដែលបានសាងសង់នៅកម្ពុជា។

នៅក្នុងកម្មវិធី ដែលចាប់ផ្តើមនៅម៉ោង៩ព្រឹកថ្ងៃទី៣០ ខែសីហា ខាងមុខនេះ ក៏មានការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

សូមបញ្ជាក់ថា កម្មវិធី MPWT LIVE SHOW ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖
ទី១៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ២០២៣
ទី២៖ ការងារលេខពិសេសផ្ទាល់ខ្លួន
៣៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤៖ ការងារបច្ចេកទេសផ្លូវថ្នល់
៥៖ ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

ការបង្កើតឡើងនូវកម្មវិធីនេះ ក៏មានការកោតសរសើរ និងស្វាគមន៍ពីប្រជាពលរដ្ឋផងដែរ។ ពួកគេចាត់ទុកថា នេះជាមធ្យោបាយថ្មីមួយទៀតរបស់ក្រសួង ក្នុងការផ្តល់ព័ត៌មាន ឆ្លើយចម្ងល់ និងបញ្ហារបស់ប្រជាពលរដ្ឋ៕