(ភ្នំពេញ)៖ ព្រឹទ្ធសភា បានផ្ញើលិខិតរំលែកទុក្ខជូនលោកស្រី ហ្សៃណុប យូសុះ ហ្សាការីយ៉ា អាដាម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោក ហ្សាការីយ៉ា អាដាម ជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។ នេះបើតាមលិខិតរបស់លោក ស៉ឹម កា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

លោក ស៉ឹម កា បានចាត់ទុកថា ការបាត់បង់លោក ហ្សាការីយ៉ា អាដាម គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីស្រលាញ់ពោរពេញដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ប្រកបដោយក្ដីសណ្ដោសប្រោសប្រណី ក្នុងភារកិច្ចចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការបម្រើជាតិមាតុភូមិកម្ពុជា។

ទោះបីរូបកាយរបស់លោក ហ្សាការីយ៉ា អាដាម បាត់បង់ទៅមែនពិត ប៉ុន្ដែបន្សល់ទុកនូវស្នាដៃល្អៗជាច្រើន និងអំពើជាកុសល សេចក្ដីថ្លៃថ្នូរ កិត្តិយស ភាពតស៊ូអំណត់ព្យាយាម នឹងនៅស្ថិតស្ថេរជានិច្ចនិរន្ដរ៍ នៅក្នុងសន្ដានចិត្ត លោកស្រី ជាភរិយា និងញាតមិត្តជីតឆ្ងាយទាំងអស់។

សូមជម្រាបថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី៕