(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋដែលកំពុងចត្តាឡីស័ក ចំនួន១,០៨៩គ្រួសារ ស្ថិតនៅក្នុងសហគមន៍អណ្តូង ៣.៤. ៥.៦ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំយកទៅចែកជូនប្រជាពឡរដ្ឋនាពេលនេះរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ កំប៉ុង១យួរ។

ថ្លែងក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នូវព្រឹត្តិការណ៍ ២០ កុម្ភៈនេះបាន គឺត្រូវទាមទារឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីឱ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ដោយបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ «៣ការពារ និង៣កុំ» ដើម្បីយើងសម្រេចបាននូវការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ដោយជោគជ័យ៕