(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតចូលរួមមរណទុក្ខចំពោះមរណភាព លោក ហ្សាការីយ៉ា អាដាម សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ចាងហ្វាងរងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និងជារដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។

ក្នុងលិខិតចូលរួមមរណទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណភាពបំណាច់របស់ លោក ហ្សាការីយ៉ា អាដាម ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវស្នាដៃល្អៗ ជាច្រើនក្នុងការចូលរួមបម្រើឧត្តមប្រយោជន៍សង្គម ជាតិ និងប្រយោជន៍គណបក្សប្រជាជនកម្ពុជា។

គណៈអចិន្ដ្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព លោក ហ្សាការីយ៉ា អាដាម និងសូមបួងសួងដល់ព្រះអល់ឡោះសូមជួយឲ្យវិញ្ញណក្ខន្ធរបស់ លោក ហ្សាការីយ៉ា អាដាម បានទៅកាន់សុគតិភពកុំបីខានឡើយ។

សូមជម្រាបថា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣៖៥០ ទៀបភ្លឺ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី៕