(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានចាត់តំណាង គឺលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាំអំណោយចុះសួសុខទុក្ខប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ៤៥គ្រួសារ នៅភូមិចំនួន ៤ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈប្រជាពលរដ្ឋទាំង៤៥គ្រួសារនេះ ក៏ជាអ្នករងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ផងដែរ។

សកម្មភាពមនុស្សធម៌នេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ព្រមទាំងមន្រ្តីមូលដ្ឋានមួយចំនួនទៀត។

លោក ងួន រតនៈ បានឱ្យដឹងថា ដោយបានឃើញសភាពជាក់ស្តែងថា ប្រជាពលរដ្ឋមួយចំនួនបានទទួលរងនូវផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ១៩ និងយោងតាមការរាយការណ៍របស់អាជ្ញាធរមូលដ្ឋានផងនោះ សម្តេចក្រឡាហោម ស ខេង ក៏បានចាត់ឲ្យលោកជាតំណាង ដើម្បីចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកទាំងឡាយនេះ។

លោកបានបន្តថា ទន្ទឹមនឹងមានការរីករាលដាលជំងឺកូវី១៩កាន់តែខ្លាំង និងមានកើនឡើងជារៀងរាល់ថ្ងៃនោះ លោកក៏បានផ្ញើប្រាប់ប្រជាពលរដ្ឋទូទៅត្រូវអនុវត្ត និងគោរពឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសគឺវិធានការ ៣-កុំ ៣-ការពារ ត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញទៅក្រៅផ្ទះ លាងដៃនឹងសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ ក្រោយពីចាប់កាន់របស់អ្វីមួយ។

អំណោយដែលត្រូវបានចែកជូននៅពេលនេះក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួ ទឹកត្រី និងទឹកស៊ីអ៉ីវ ១យួ ម៉ាស់ ១ប្រអប់ និងទឹកជែលលាងដៃ ១ដបផងដែរ៕