(ភ្នំពេញ)៖ តបតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានផ្តល់ទុនដល់សហគមន៍ចំនួន ៣២សហគមន៍ ដែលក្នុងនោះ មានសមាជិកសហគមន៍ចំនួន៩៥០គ្រួសារ ដែលគ្រួសារចំនួន ៣១៧គ្រួសារ ទទួលបាន ពី១-៣ក្បាល គ្រួសារចំនួន ២២០គ្រួសារទទួលបាន ៣ក្បាលពូជឦសាន ក្នុងមួយគ្រួសារ គ្រួសារចំនួន ៣៦៨គ្រួសារ ទទួលបានមាន់ ១៥-៤០ក្បាល ក្នុងមួយគ្រួសារ។

ជាបន្តបន្ទាប់គ្រួសារទាំង៩៥០ បានផ្តល់សត្វទៅដល់សមាជិកថ្មី យោងតាមកិច្ចសន្យាដែលបានធ្វើឡើងរវាងបន្ទីរបរិស្ថាន និងគ្រួសារទទួលទុននេះ។

ក្នុងឆ្នាំ២០២០ រហូតដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀម ២៤៧ក្បាល ពពែ ២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល រួមមាន៖

ទី១៖ កសិដ្ឋានប្រជាពលរដ្ឋនៅក្នុខេត្តព្រះវិហារ
ទី២៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ
ទី៣៖ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក)
ទី៤៖ កងទ័ព នៃយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ
ទី៥៖ កសិដ្ឋាននៅស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ
ទី៦៖ កសិដ្ឋានបាក់ខែង រាជធានីភ្នំពេញ
ទី៧៖ កសិដ្ឋានចិញ្ចឹមសត្វនៅខេត្តកំពង់ស្ពឺ
ទី៨៖ កសិដ្ឋានប្រជាពលរដ្ឋនៅកោះសំរោង ខេត្តកំពង់ចាម
និងទី៩៖ កសិដ្ឋាននៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្តល់ការលើកទឹកចិត្តដល់សហគមន៍ ប្រជាពលរដ្ឋចិញ្ចឹមសត្វនេះ រៀបចំឡើង ក្រៅពីគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងងជីវភាពសហគមន៍ នាពេលកន្លងមក។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមការពារនិងអភិរក្សព្រៃឈើ សត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទាំងអស់គ្នា។ ប្រជាលរដ្ឋត្រូវផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់៕