(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២៩ ខែមីនានេះថា កម្លាំងនគរបាលរបស់លោក បានបញ្ជូនទៅដល់នាយកដ្ឋានប្រឆាំងភរវកម្ម និងឧក្រិដ្ឋឆ្លងដែន ដើម្បីបន្តយកទៅសួរនាំ និងចាត់វិធានការបន្តទៀត។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន បុរសជនជាតិរុស្ស៊ីម្នាក់ បានដីកាបញ្ជាឲ្យចាប់ខ្លួន របស់អយ្យការអមសាលាឧទ្ទរណ៍ និងតាមលិខិតរបស់ក្រសួងយុត្តិធម៌ ស្តីពីសំណើសុំចាប់ខ្លួន និងធ្វើបត្យាប័ន ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ក្រុមហ៊ុន នៅរុស្ស៊ី ហើយរត់គេចខ្លួនមករស់នៅកម្ពុជា។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ BALATIX VLADIXEIR VITALIE  VITCH ជនជាតិរុស្ស៊ី កើតថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៨ ជាប់ចោទពីបទបោកលុយក្រុមហ៊ុន នៅចន្លោះឆ្នាំ២០០៧ ដល់២០០៨ នៅប្រទេសរុស្ស៊ី ហើយរត់គេចខ្លួនមកកម្ពុជា (ពេលឃាត់ខ្លួន មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួនទេ) ៕