(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាលបានទទួលផ្លែមៀនស្រស់ល្អចំនួន ២តោន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានរៀបចំបែងចែកមួយចំណែកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា គ្រូឧទ្ទេសក៍ និងកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល, មួយចំណែកទៀត ចែកជូនបន្តដល់មជ្ឈមណ្ឌលចំនួនបី និងមួយផ្នែកទៀត គឺបានចែកជូនប្រជាពលរដ្ឋជាអ្នកធាក់ស៉ីក្លូ និងជនមានពិការភាពជាដើម។

ជាក់ស្ដែង នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំការចែកផ្លែមៀនជាច្រើនជូនដល់ប្រជាពលរដ្ឋអ្នកធាក់ស៉ីក្លូប្រមាណ ១០០នាក់ មកពីសមាគមស៉ីក្លូកម្ពុជា ដោយក្នុងម្នាក់ទទួលបានផ្លែមៀនចំនួន ៣គីឡូក្រាម។

ក្នុងពេលសំណេះសំណាលជាមួយអ្នកធាក់ស៉ីក្លូនាឱកាសនោះ លោក យក់ ប៊ុនណា បានថ្លែងថា ផ្លែមៀនស្រស់ល្អទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេបានផ្ដល់មកសាលាភូមិន្ទរដ្ឋបាល តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ។ ផ្លែមៀនទាំងនោះមានចំនួនសរុប ២តោន។

នាយកសាលាភូមិន្ទរដ្ឋបាល បានបន្តថា នៅពេលទទួលបានផ្លែមៀនទាំងនេះហើយ សាលាភូមិន្ទរដ្ឋបាលបានបែងចែកមួយចំណែកសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា គ្រូឧទ្ទេសក៍ទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ហើយមួយចំណែកទៀត សាលានឹងចែកជូនបន្តដល់មជ្ឈមណ្ឌលចំនួន ៣ មានមជ្ឈមណ្ឌលកុមារអូទីហ្សឹម មជ្ឈមណ្ឌលទារកជាតិ និងមជ្ឈមណ្ឌលកុមារកំព្រា ថែមទាំងមានមួយផ្នែកទៀត គឺបានចែកជូនប្រជាពលរដ្ឋជាអ្នកធាក់ស៉ីក្លូ ដែលបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាលក្នុងថ្ងៃនេះតែម្ដង ហើយក៏នឹងចែកជូនដល់ជនមានពិការភាពបន្តទៀតដែរ។

លោក យក់ ប៊ុនណា បានថ្លែងថា «ដោយសារតែមានមនោសញ្ចេតនាជាមួយអ៊ំពូបងប្អូនដែលជាអ្នកធាក់ស៉ីក្លូ សាលាក៏បានរៀបចំបែងចែកជាបន្ទាន់ ក្រោយពេលទទួលបានពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង។ ផ្លែមៀនទាំងនេះដែរ បានដឹកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកដល់សាលាភូមិន្ទរដ្ឋបាលនៅយប់មិញ»។

ជាមួយគ្នានោះ លោក យក់ ប៊ុនណា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា គ្រូឧទ្ទេសក៍ទាំងអស់ និងកម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល ក៏បានភ្ជាប់និស្ស័យជាមួយសម្ដេចទាំងទ្វេ ដោយបានរួមចំណែកផ្ដល់ជាអំណោយមួយចំនួនទៀតដល់អ្នកធាក់ស៉ីក្លូ មានដូចជាអង្ករ ១០គីឡូក្រាម មី ១កេស និងត្រីខ ១០កំប៉ុង បូករួមទាំងផ្លែមៀន ៣គីឡូក្រាមទៀតផងដែរ។

លោក យក់ ប៊ុនណា បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកធាក់ស៉ីក្លូថា ទោះបីបានចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ក៏ដោយ ក៏ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាទៀត ពិសេសត្រូវរក្សាវិធានការ «៣-កុំ និង ៣-ការពារ» វិធានការសុខាភិបាល ដូចជាត្រូវពាក់ម៉ាស លាងដៃនឹងទឹកអាល់កុលជាដើម។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា គ្រូឧទ្ទេសក៍ទាំងអស់ និងកម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល លោក យក់ ប៊ុនណា បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរបានផ្ដល់នូវអំណោយផ្លែមៀនទាំងនេះ តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ដើម្បីចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាតបន្តបន្ទាប់ទៀត៕