(ក្រចេះ)៖ លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២១នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការជាផ្លូវការនូវគម្រោងដែលមានឈ្មោះថា សហគមន៍មានសុវត្ថិភាពសម្រាប់កុមារ នៅក្នុងស្រុកចំនួន០២ គឺស្រុកឆ្លូង និងស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានរៀបចំឡើងដោយអង្គការ WOMEN ដែលគាំទ្រថវិកានិងបច្ចេកទេសដោយអង្គការ ChildFund សហការជាមួយរដ្ឋបាលសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្តក្រចេះ។

សិក្ខាសាលានេះមានគោលបំណង ចង់បង្ហាញពីគោលដៅ គោលបំណង សកម្មភាពសំខាន់ៗ និងលទ្ធផលរំពឹងរបស់គម្រោង ដែលនឹងត្រូវអនុវចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ គម្រោងសហគមន៍មានសុវត្ថិភាពសម្រាប់កុមារ នៅក្នុងស្រុកឆ្លូង និងស្រុក ចិត្របុរីខេត្តក្រចេះ និងដើម្បីចែករំលែកព័ត៌មានជាផ្លូវការដល់ដៃគូពាក់ព័ន្ធសំខាន់ៗ និងការបង្កើតអោយមានកិច្ចទំនាក់ទំនងល្អ កិច្ចសហការ ព្រមទាំងមានការគាំទ្រក្នុងដំណើរការនៃការអនុវត្តគម្រោងនេះ។

លោក ស្រេង សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ពោះ អង្គការឆាហា្វនកម្ពុជា ChildFund និងអង្គការវូមែន WOMEN ដែលបានដាក់ដំណើរការផ្សព្វផ្សាយពីគម្រោងសហគមន៍មានសុវត្ថិភាពសម្រាប់កុមារ ក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សហគមន៍ ជាពិសេសស្រ្តី និងកុមារ ក្រុមងាយរងគ្រោះដ៏ទៃទៀត ដើម្បីទទួលបានការការពារសុវត្ថិភាព។

លោកបញ្ជាក់ទៀតថា កុមារគឺជាទំពាំស្នងឬស្សី ជាសរសរទ្រូងនៃប្រទេសជាតិ បច្ចុប្បន្ននេះរដ្ឋាភិបាលប្រទេសកម្ពុជា កំពុងតែបោះជំហានទៅមុខក្នុងការស្តារ សង្គម និងសេដ្ឋកិច្ច ជាពិសេសសម្រាប់ស្រុកឆ្លូង និងស្រុកចិត្របុរី ដោយសារមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងការគាំទ្រយ៉ាងពេញលេញពីរដ្ឋបាលខេត្ត អង្គការឆាហា្វនកម្ពុជា និងអង្គការវូមែន WOMEN ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន។

លោកអភិបាលរងបន្តថា កិច្ចប្រជុំ និងសកម្មភាពផ្សព្វផ្សាយការយល់ដឹងផ្សេងៗ នៅមិនទាន់បានពេញលេញនៅឡើយ ប្រជាពលរដ្ឋ ក៏ដូចជាសហគមន៍ខ្លះ មិនសូវផ្តល់ម្លៃ និងសារៈប្រយោជន៍នៃការអប់រំកូន ដែលជាមូលហេតុបង្ករឲ្យមានអំពើហិង្សានានាលើកុមារ -ការយល់ដឹងពីការអភិវឌ្ឍផែនការ និងការប្រើប្រាស់ថវិកាឆ្លើយតបបញ្ហាសេវាសង្គម នៅមិនទាន់បានសព្វជ្រុងជ្រោយនៅឡើយ។ បញ្ហាប្រឈមខាងលើនេះ គឺជាក្តីបារម្ភរួម ក្នុងនាមអាជ្ញាធររាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់អង្គការឆាហា្វនកម្ពុជា អង្គការ WOMEN និងអង្គការដៃគូអនុវត្តគម្រោងដែលបានរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងកសាងផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តបន្តទៀត ដើម្បីឧត្តមប្រយោជន៍ដល់កុមារ៕