(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានចាប់ដៃគូសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីកៀរគរថវិកាសម្រាប់ជួយទ្រទ្រង់ ផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ។

មន្ទីរពេទ្យគន្ធបុប្ផាព្យាបាលជំងឺកុមារភាគច្រើន នៅកម្ពុជា។ រាល់ការពិនិត្យ ពិគ្រោះ និងព្យាបាល គឺឥតគិតថ្លៃ ដែលក្នុងរយៈពេលប្រមាណជិត៣០ឆ្នាំ កន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារបានយ៉ាងច្រើន និងបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។

ចំណាយប្រតិបត្តិការ របស់មន្ទីរពេទ្យគន្ធបុប្ផាកំពុងមានការប្រឈម ជាពិសេសក្នុងអំឡុងពេល នៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំយុទ្ធនាការកៀរគរថវិកាបរិច្ចាគមួយ មានឈ្មោះថា «A Cup of HOPE» ដើម្បីអំពាវនាវដល់សាធារណជន ចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលដៅជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។

ថវិកាបរិច្ចាគតិចក្តី ច្រើនក្តី របស់សប្បុរសជន គឺជាអំណោយដ៏ធំធេង ក្នុងការចូលរួមជួយសង្គ្រោះជីវិតកុមារ ជាពិសេសតាមរយៈការទទួលបាន នូវសេវាសុខភាពប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនរើសអើង។

បណ្ឌិត ចន ណារិទ្ធ ប្រធានលេខាធិការដ្ឋាន មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការកោតសរសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងអតិថិជនរបស់ធនាគារ ចំពោះកាយវិការសប្បុរស ក្នុងការគាំទ្រដល់និរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយបានបញ្ជាក់ថា «មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធិផ្លូវការ ដែលបង្កើតឡើង ដោយរាជរដ្ឋាភិបាល ដើម្បីបម្រើគោលដៅតែមួយគត់ គឺធានាថាមន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ទីតាំង នឹងបន្តបេសកកម្មចម្បង ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះកុមារនៅកម្ពុជា ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង»។

លោក Makoto Kurokawa នាយកប្រតិបត្តិរងនៃធនាគារ ជេ ត្រាស់ រ៉ូយាល់ បានថ្លែងថា «ជំនួសឲ្យចំណាយលើការទិញភេសជ្ជៈមួយកែវ ដោយការបរិច្ចាគថវិកានេះ ជាចេតនាដ៏ល្អ និងមានអត្ថន័យដ៏ធំធេងបំផុត ក្នុងការជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ១ដុល្លារ គឺមិនច្រើនប៉ុន្មានទេ តែបើយើងរួមគ្នា ឲ្យបានច្រើននាក់ យើងពិតជា នឹងអាចជួយដល់កុមារជាច្រើន ក្នុងពេលអនាគត ហើយខ្ញុំក៏សូមលើកទឹកចិត្តអ្នកគ្រប់គ្នា ឲ្យចូលរួមឲ្យបានញឹកញាប់តាមលទ្ធភាព ដើម្បីជួយជ្រោមជ្រែង ដល់និរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា»

អតិថិជនរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចចូលរួមយុទ្ធនាការ «A Cup of HOPE» និងធ្វើការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈគណនីប្រាក់រៀលលេខ 4582369 ឫ គណនីប្រាក់ដុល្លារលេខ 4582347 តាមជម្រើសណាមួយដូចខាងក្រោម៖
* ការផ្ទេរប្រាក់ដោយស្វ័យប្រវត្តិប្រចាំខែ
* សេវាធនាគារតាមទូរសព្ទដៃ និងសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិត
* តាមរយៈសាខាណាមួយរបស់ធនាគារ ជេ ត្រាស់ រ៉ូយាល់

ថ្លៃភេសជ្ជៈមួយកែវ ដែលអ្នកបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិត និងអនាគតកុមារជាច្រើននាក់នៅកម្ពុជា៕