(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ធន់ ឆែល ដែលជាស្វាមីរបស់លោកស្រី ឌី សុខុម សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា។

ក្នុងសារលិខិតរំលែកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការសោកស្តាយថា «ខ្ញុំ និងភរិយាខ្ញុំ មានសេចក្តីក្រៀមក្រំចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក ធន់ ឆែល ហៅលោក តាន់ ស៊ីថាត ត្រូវជាស្វាមីរបស់លោកជំទាវបានទទួលមរណភាពនៅថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥:៣០នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ»។

សម្តេចបានចាត់ថាទុកថា «ការបាត់បង់លោក ធន់ ឆែល គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាតួតប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត និងជាអ្នកហ៊ានធ្វើពលិកម្មសព្វបែពយ៉ាង ដើម្បីរួមដំណើរ គាំពារ ជ្រោមជ្រែងដល់លោកជំទាវ ក្នុងបេកកម្មបម្រើជាតិមាតុភូមិឱ្យអភិវឌ្ឍនិងរីកចម្រើនរៀងរហូតមក។ ទោះបីរូបកាយរបស់ លោក ធន់ ឆែល បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាមនឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តលោកជំទាវ កូនចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់»។

សម្តេចបានបន្តថា «ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោក ធន់ ឆែល ឆាប់បានទៅចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ។ សូមលោកជំទាវ និងក្រុមគ្រួសារ ទទួល នូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំ អំពីខ្ញុំ»៕

ខាងក្រោមនេះជាសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ៖