(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅពីចំងាយ តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានក្រុង ស្រុក អភិបាល អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក ព្រមទាំងសមាជិកលេខាធិការដ្ឋាន សរុបចំនួន ៤៥ រូប។

បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ។

បណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ក្រុង ស្រុក ក្នុង មូលដ្ឋាន ខេត្ត កំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍បូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ព្រមទាំងអង្គប្រជុំ ក្នុងនោះលោកក៏បានលើកឡើងអំពីប្រឈម និងសំណូមពរមួយចំនួនផងដែរ ៕