(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនបងប្អូនអតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា សម្រាប់ខេត្តកំពង់ចាម យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកុមារអាយុ ១២ ដល់ ១៧ឆ្នាំ គឺកំពុងដំណើរការព្រមគ្នាតែម្ដង ពោលគឺមិនមានផ្នែកណាមួយនៅទំនេរនោះទេ។ ទន្ទឹមនឹងនេះដែរ សម្រាប់បងប្អូនជាអតីតយុទ្ធជនកម្ពុជា ត្រូវបានសម្ដេចតេជោ នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ជាពិសេស ដោយគិតគូរអំពីបញ្ហាសុខភាពរបស់បងប្អូន ឱ្យជៀសផុតពីការឆ្លងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានរំឭកដែរថា ជាការពិតណាស់ប្រជាពលរដ្ឋយើង ថ្វីដ្បិតតែបានចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយក្តី ក៏នៅមានអត្រាឆ្លងជំងឺកូវីដ១៩ តិចតួចដែរ។ ដូច្នេះ ដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងអត្រាទាបនេះ គឺមានតែសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី៣ ជាដូសជំរុញនេះ ស្របពេលដែលមានវីរូសបំលែងថ្មី ប្រភេទដែលតា កំពុងត្រូវបានរកឃើញ តាមរយៈបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសជាប់ព្រំដែនប្រទេសកម្ពុជាយើង។

លោកអភិបាលខេត្តបានបញ្ជាក់ថា វីរូសបំលែងថ្មីនេះ វាឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋយើង ដូច្នេះមានតែការចាក់វ៉ាក់សាំងដូសជំរុញនេះទេ ដើម្បីបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយរបស់យើង ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីធានាបាននូវសុខមាលភាព នឹងអាចធ្វើឱ្យបងប្អូនមានជីវភាពដូចដើម កាលពីមិនទាន់មានជំងឺកូវីដ១៩ មកដល់៕