(កំពត)៖ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ សម្រេចបានប្រមាណ ២៣០,៨៧៩នាក់ នៃប្រជាជនគោលដៅ សរុប៤៩០,៥៩៥នាក់ ហើយបើគិតជាអត្រាភាគរយគ្រប់ដណ្តប់ទូទាំងខេត្ត ស្មើនឹង៤៧ភាគរយ។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនជាពលរដ្ឋក្នុងទូទាំងខេត្តកំពតកន្លងមក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពត។

ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលខេត្តកំពត ដោយចូលរួមមានពីអាជ្ញាធរ ក្រុង ស្រុកទាំង៩ ព្រមទាំងមន្ទីរ និងអង្គភាពពាក់ព័ន្ធ។

លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពត គិតចាប់ពីអាយុលើសពី១៨ឆ្នាំឡើងទៅ នៅក្នុងយុទ្ធនាការ គិតចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ សម្រេចលទ្ធផល មានចំនួនសរុប ២៣០,៨៧៩នាក់ នៃប្រជាជនគោលដៅ ៤៩០,៥៩៥នាក់ គិតជាអត្រាគ្រប់ដណ្ដប់អ្នកមានភាពសុំា នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង ស្រុកទាំង៩ ស្មើនឹង ៤៧ភាគរយ។

លោកបានបញ្ជាក់ទៀតថា រីឯចំនួនអ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ មានចំនួន ៥,២៤៤នាក់ ចំណែកចំនួនប្រជាពលរដ្ឋមិនទាន់បានចាក់ វ៉ាក់សាំងមានចំនួន ២៦១,៤៦៣នាក់។

ក្នុងកិច្ចប្រជុំ លោក ជាវ តាយ បានថ្លែងថា បញ្ហាការផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ គឺជាការងារសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ ស្វែងរកវ៉ាក់សាំង ដើម្បីយកមកចាក់ និងជំរុញការចាក់ឱ្យបានទាន់ពេលវេលា ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដោយមិនមានការរើសអើងអ្វីឡើយ។

រដ្ឋបាលខេត្តកំពត ត្រូវតែជំរុញការតាមដាន និងធ្វើស្ថិតិបូកសរុបនូវចំនួនប្រជាពលរដ្ឋ ដែលបានទទួលវ៉ាក់សាំងរួចហើយក្ដី និងចំនួនអ្នកដែលមិនទាន់បានទួលវ៉ាក់សាំង នូវចំនួនទិន្នន័យពិតប្រាកដជាក់លាក់ ដើម្បីរាយការណ៍ទៅថ្នាក់ជាតិ ពិសេសតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា សំដៅឆ្លើយតបទៅតាមផែនការ គ្រោងទុករបស់រាជរដ្ឋាភិបាល ត្រូវចាក់ជូនប្រជាពលរដ្ឋឱ្យបានយ៉ាងតិច១០លាននាក់។

លោក ជាវ តាយ ក៏បានណែនាំ និងជំរុញដល់អាជ្ញាធរក្រុង ស្រុក និងជំនាញត្រូវជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ កៀរគរលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទាន់ពេលវេលានៅតាមទីតាំងដែលកំពុងដំណើរការចាក់ពេលបច្ចុប្បន្ននេះ ឱ្យបានគ្រប់គ្នា៕