(ភ្នំពេញ)៖ ទឹកប្រាក់ចំនួនសរុប ៥០,០០០ដុល្លារអាមេរិក (៥ម៉ឹនដុល្លារ) នឹងត្រូវយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា របស់កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ខានស្អែកនេះ ដែលជាប្រាក់​បានពីការប្រកួតរវាងក្រុម Cambodia All Stars របស់កម្ពុជា ប៉ះក្រុម Buriram United របស់ថៃ ក្នុងជំនួបមិត្តភាពអន្តរជាតិបែបសប្បុរសធម៌ និងរឹតចំណងការទូតកម្ពុជា-ថៃ គម្រប់លើកទី៦៥ឆ្នាំ​ផងដែរ នេះបើយោងតាមសហព័ន្ធបាល់ទាត់កម្ពុជា FFC ឲ្យដឹងព្រឹកថ្ងៃទី២៩​ ខែមីនា នេះ ។

នេះជាលើកទី២ហើយ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលត្រៀម​ទទួលប្រាក់សប្បុរសធម៌​ពីការប្រកួតបាល់ទាត់មិត្ត​ភាពអន្តរជាតិទល់​នឹងក្រុមខ្លំាងៗ​មកពីប្រទេសថៃ​ទាំង២ក្រុមកាល​ពីក្នុងខែមករា ឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុន SCG ក៏បាន នាំយកប្រាក់ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផារួចរាល់ហើយដែរ កាលពីក្នុងខែកុម្ភះ ឆ្នាំ២០១៦ ។

ក្នុងការប្រកួតមិត្តភាពអន្តរ​ជាតិ​សប្បុរសធម៌ ដើម្បីឧបត្ថមមន្ទីរពេទ្យគន្ធ​បុប្ផា ដែលតម្លៃសំបុត្រ ២ដុល្លារសម្រាប់កៅអីក្រោមដំបូល និង១ដុល្លារសម្រាប់កន្លែងអង្គុយ​ក្រៅដំបូលនោះ ក្រុមម្ចាស់ផ្ទះ Cambodia All Stars គឺពិតជាមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ ពោលគឺ​យក​​ឈ្នះទាំង២​ប្រកួតតែម្តង ដែលក្នុងនោះ​ឈ្នះ Muangthong United ៤-៣ និងបន្តឈ្នះ Buriram United ៤-៣ ទៀតដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញម៉ោងមានលទ្ធផលស្មើ ២-២ ៕