(បន្ទាយមានជ័យ)៖ លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយមន្ត្រីសុខាភិបាល ចុះត្រួតពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលទើបសាងសង់រួច ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា មណ្ឌលព្យាបាលសម្រាប់អ្នកជំងឺកូវីដ១៩ថ្មីនេះ នឹងកាន់តែផ្ដល់ភាពល្អប្រសើរសម្រាប់ក្រុមគ្រូពេទ្យ ផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារជំងឺកូវីដ១៩ ឱ្យបានខ្ពស់បន្ថែមទៀត ពិសេសប្រភេទដែលតា ដោយពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ីត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងសំអាតដៃឱ្យជាប់ជានិច្ច ធ្វើយ៉ាងណារួមគ្នាអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យខេត្ដបន្ទាយមានជ័យ បានចុះយកសំណាកប្រជាពលរដ្ឋ សរុបចំនួន ១៤៣,៣៧៣នាក់ ស្រី ៦៣,៩៤១នាក់ ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៧,៥៥៩នាក់ ស្រី៨,១៩៦នាក់ ក្នុងនោះមានពលករមានចំនួន ៦,៥៦៣នាក់ ស្រី ៣,០៣១នាក់។ នេះបើតាមការបញ្ជាក់របស់ លោក ឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ដបន្ទាយមានជ័យ៕