(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ការសម្រេចចិត្ដរបស់កម្ពុជា លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ហាក់បីដូចជាការដើរមុនមួយជំហាន ឬមុនសភាពការណ៍ដែលអាចកើតមានឡើងនៅពេលខាងមុខពីជំងឺកូវីដ១៩។

ជាពិសេស ពេលនេះបានចាក់ដូសទី៣បន្ថែម លើគ្រូពេទ្យ បុគ្គលិកសុខាភិបាល គឺបានជួយទៅដល់ការពង្រឹងប្រព័ន្ធការពាររឹងមាំរបស់ពួកគាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការថ្លែងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដព្រៃវែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានថ្លែងបន្ដថា «ប្រទេសកម្ពុជា បានបង្កើតនូវយុទ្ធសាស្ដ្រ និងគោលនយោបាយ នូវការឆ្លើយតបបានយ៉ាងល្អ ផ្ដោតទៅលើការដាក់ចេញនូវវិធានអន្ដរាគមន៍ដ៏មានប្រសិទ្ធភាព គឺការចាក់វ៉ាក់សាំងកូវីដ១៩, ការថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសអ្នកជំងឺធ្ងន់ធ្ងរ»

ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានថ្លែងកោតសរសើរចំពោះការដឹកនាំ គ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់ការគាំទ្រ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ មានការកៀរគរធនធានបានល្អបំផុត រួមទាំងធនធានមនុស្ស ថវិកា និងការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសស្រាក់ស្រសាំក្នុងការចូលរួមចាកវ៉ាក់សាំង៕