(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០៨ករណីបន្ថែមទៀត ខណៈអ្នកជំងឺ៥០នាក់ បានព្យាបាលជាសះស្បើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែសីហានេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺរកឃើញថ្ងៃនេះ មានចំនួន៥២នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ ចំនួន១៩នាក់ទៀត រកឃើញឆ្លងក្នុងសហគមន៍ និងចំនួន៣៨នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ក្នុងករណីមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។

រដ្ឋបាលខេត្ត បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៦,២២៣នាក់។ ក្នុងនោះករណីនាំចូលពីបរទេស ៥,១៣៣នាក់ និងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១,០៨៩នាក់។ ជាមួយគ្នានេះអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,៥៨១នាក់បានព្យាបាលជាសះស្បើយ និងកំពុងសម្រាកព្យាបាលសរុបក្នុងខេត្តចំនួន១.៥០៨នាក់ ស្លាប់ចំនួន១០នាក់៕