(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើការបែងចែកផ្លែមៀន និងផ្លែតាង៉ែន ចំនួន១តោន ដែលជាអំណោយដ៍ថ្ងៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ជូនដល់កងកម្លាំងទាំង៣ មន្ត្រីសុខាភិបាល និងមណ្ឌលកុមារកំព្រា។

ការប្រគល់ផ្លែមៀន និងផ្លែតាង៉ែន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំង៣ និងមន្ត្រីសុខាភិបាលនៅពេលនេះ ស្ថិតក្រោមវត្តមានលោក យ៉ុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ តំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូបទៀត។

ក្នុងនាមលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក យ៉ុង គឹមហ៊ាន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ដែលបានផ្តល់ផ្លែមៀន និងផ្លែតាង៉ែន មករដ្ឋបាលខេត្តដើម្បីធ្វើការបែងចែកកងកម្លាំងជួរមុខនិងមន្ត្រីសុខាភិបាល ក៏ដូចជាមណ្ឌលកុមារកំព្រាក្នុងខេត្តផងដែរ។

លោក យ៉ុង គឹមហ៊ាន បានថ្លែងទៀតថា ផ្លែមៀន និងផ្លែតាង៉ែន ដែលចែកជូននៅពេលនេះ គឺរួមមាន៖ស្នងការនគរបាលខេត្ត ទទួលបាន១០០គីឡូក្រាម កងរាជអាវុធហត្ថខេត្ត ទទួលបាន១០០គីឡូក្រាម តំបន់ប្រតិបត្តិការសឹករងខេត្ត ទទួលបាន១០០គីឡូក្រាម មន្ទីរសុខាភិបាលខេត្ត ទទួលបាន៦០០គីឡូក្រា មនិងមណ្ឌលកុមារកំព្រា ទទួលបាន១០០គីឡូក្រាម។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះវិហារ ក៏បានឧបត្ថម្ភបន្ថែមនូវទឹកក្រូច ទឹកសុទ្ធ និងម៉ាស់ផងដែរ៕