(កំពង់ចាម)៖ លោកយាយ ឌឿ ម៉េត ដែលធ្លាប់រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ពេលនេះបានទទួលផ្ទះថ្មី១ខ្នង ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចុះប្រគល់ផ្ទះថ្មី១ខ្នង ជូនលោកយាយ ឌឿ ម៉េត អាយុ៧៣ឆ្នាំ ដែលរស់នៅជាមួយកូនស្រី និងចៅប្រុសស្រី២នាក់ ស្ថិតនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ជូនចំពោះលោកយាយលោកតាទាំងអស់ និងបានផ្តាំផ្ញើសូមយកចិត្តទុកដាក់ គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ច។ ជាពិសេសត្រូវអនុវត្ត ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ព្រមទាំងសូមជូនពរដល់លោកយាយម្ចាស់ផ្ទះ និងលោកយាយលោកតាទាំងអស់ បន្តរស់នៅដោយក្តីសុខដុមរមនាជាយូរអង្វែងតទៅ ក្រោមម្លប់នៃសុខសន្តិភាព។

សូមបញ្ជាក់ថា ផ្ទះ១ខ្នងនេះ ចំណាយថវិកា ៨,៤៧២ដុល្លារ (ប្រាំបីពាន់បួនរយចិតសិបពីរដុល្លារអាមេរិក) សង់ពីឈើខ្ពស់ផុតពីដី២ម៉ែត្រ, មានទំហំ៥ម៉ែត្រ x ៧ម៉ែត្រ, ដំបូលប្រក់ស័ង្កសី, ជញ្ជាំងស្មាតបត, រនាបឬស្សី, មានបង្អួចឈើ៣, បន្ទប់ដេក១, ជណ្តើរថ្ម, មានប្រព័ន្ធអគ្គិសនីប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar) អាចប្រើទូរទស្សន៍១ កង្ហារ១ និងអំពូល៥, មានផ្ទះបាយខាងក្រោយផ្ទះ និងមានបន្ទប់ទឹក១។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ៥០គីឡូ, មី២កេស, ត្រីខ២០កំប៉ុង, ទឹកត្រី១២ដប, ទឹកស៊ីអ៊ីវ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, អាវយឺត១៦, សម្ភារផ្ទះបាយ និងសម្ភារប្រើប្រាស់ក្នុងផ្ទះចំនួន២៧មុខ ព្រមទាំងថវិកា ៥០០,០០០រៀល។

ដោយឡែកលោកយាយ លោកតា ចំនួន២០នាក់ ដែលអញ្ជើញចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះនេះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាយឺត) ១កញ្ចប់, ម៉ាស៥បន្ទះ និងថវិកា ៦០,០០០រៀល៕