(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៉ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី២១ ខែសីហានេះ បានដឹកនាំក្រុមការងារចុះពិនិត្យការឆរៀបចំមណ្ឌលត្រៀមផ្ទេរដាក់ពលករធ្វើចត្តាឡីស័កមកពីកន្លែងសាលារៀននីមួយៗ នៅទូទាំងខេត្តប៉ៃលិន។


នៅក្នុងការចុះពិនិត្យទីតាំងរៀបចំកន្លែងមណ្ឌលធ្វើចត្តាឡីស័កថ្មី ស្ថិតនៅក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ អ៊ី ឈាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់ចំពោះពលករដែលធ្វើដំណើរមកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយនឹងអ្នកកើតជំងឺកូវីដ១៩ ដោយត្រូវយកពួកគាត់ដាក់ឱ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ដើម្បីកុំឱ្យជំងឺនេះ បន្តឆ្លងរាលដាលចូលទៅក្នុងសហគមន៍។ ប៉ុន្តែនៅពេលនេះ ដោយសារពលករ និងប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងសាលារៀន ខណ:ពេលដែលសិស្សានុសិស្សត្រូវបានផ្អាកការរៀនសូត្រអស់រយ:ពេលជាច្រើនខែ ។

នាយឧត្តមសេនីយ៍ អ៉ី ឈាន បានបន្តថា ក្រោយពីការចាក់វ៉ាក់សាំងរួចរាល់គ្រប់ៗគ្នានៅទូទាំងខេត្ត ហើយត្រូវឱ្យពួកគាត់ចូលរៀនឡើងវិញ ទើបរដ្ឋបាលខេត្ត ចាត់ឱ្យមន្រ្តីក្រោមឱវាទចុះរៀបចំមណ្ឌលចត្តាឡីស័កថ្មី សម្រាប់ផ្ទេរពួកគាត់ទាំងនោះ យកសាលារៀនឱ្យសិស្សចូលរៀនសារជាថ្មីឡើងវិញ។

សូមបញ្ជាក់ថា ចំពោះសាលារៀនដែលយកមកធ្វើកន្លែងចត្តាឡីស័ក មានចំនួន៤កន្លែង ដោយត្រៀមបន្ថែមចំនួន២កន្លែង សម្រាប់ផ្ទេរពីសាលារៀននីមួយៗ ដើម្បីទុកឱ្យសិស្សានុសិស្សចូលរៀនឡើងវិញគឺ៖

ទី១៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន
ទី២៖ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ
ទី៣៖ សាលាបឋមសិក្សាភ្នំកុយ
ទី៤៖ អនុវិទ្យាល័យសន្តិភាព៕