(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយ មានជាគ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ចំនួន៤០គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២១។

ក្នុងសកម្មភាពសមធម៌២ថ្ងៃនេះ លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ១៩ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩រួចហើយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ព្រោះកូវីដ១៩ មិនបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

សូមជម្រាបថា សម្រាប់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តាមរយៈលោក ជា ពិសី ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ ដែលបានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ ងាយរងគ្រោះទាំង៤០គ្រួសារ នាពេលនេះគឺក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី០១កេស, ត្រីខ០១យួរ, ទឹកស៊ីអ៉ីវ០១យួរ និងថវិកាមួយចំនួន ស្មើៗគ្នា៕