(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺ៣៤នាក់ បានព្យាបាលជាសះស្បើយ។នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែសីហានេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា អ្នកជំងឺរកឃើញថ្ងៃនេះ មានចំនួន៤០នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ តាមច្រកអូរស្មាច់ ចំនួន១២នាក់ទៀត រកឃើញឆ្លងក្នុងសហគមន៍ និងចំនួន០៤នាក់ទៀត ជាពលករកំពុងធ្វើចត្តាឡីស័ក។
រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ១៩ទើបរកឃើញនេះ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

ក្នុងករណីមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្ដៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀត ត្រូវទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកនៅ មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកអន្លង់វែង ឬទំនាក់ទំនងសាកសួរព័ត៌មានផ្សេងៗតាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៩៩ ១៩២។

រដ្ឋបាលខេត្ត បានឱ្យដឹងថា មកទល់ពេលនេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកជំងឺកូវីដ១៩ សរុប ៦,១១៥នាក់។ ក្នុងនោះករណីនាំចូលពីបរទេស ៥,០៤៤នាក់ និងករណីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ១,០៧០នាក់។ ជាមួយគ្នានេះអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២,៥៣១នាក់បានព្យាបាលជាសះស្បើយ និងកំពុងសម្រាកព្យាបាលចំនួន៣,៥៧៤នាក់ ស្លាប់ចំនួន១០នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖