(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ចំនួន ១០តោន ដែលសម្ដេចបានប្រមូលទិញពីកសិករដាំដុះតាមខេត្ត នៅជាប់ព្រំដែនថៃ ដើម្បីយកមកចែកជូនកងទ័ព នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។

នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានសម្ដែងក្ដីរំភើបយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិត ចំពោះចំណាត់ការក្នុងការប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋដែលជួបបញ្ហាក្នុងការនាំចេញ ហើយបានដឹកជញ្ជូនផ្លែមៀនមកដល់ទីបញ្ជាការយោធភូមិភាគទី៤នៅពេលនេះ ហើយយោធភូមិភាគទី៤ ក៏បានធ្វើការបែងចែក និងដឹកជញ្ជូនបន្តទៅកាន់កងពលតូច ៤១.៤២ តំបន់ប្រតិបត្តិការសឹករង កំពង់ធំ .សៀមរាប .ព្រះវិហារ ឧត្តរមានជ័យ កងការពារព្រំដែនគោក លេខ ៤០២.៤០៣ ការិយាល័យ និងអង្គភាពចំណុះយោធភូមិភាគ និងបានបែងចែកដល់តាមបណ្តាក្រុមការងារយោធភូមិភាគដែលកំពុងចុះចាក់វ៉ាក់សាំងការពារជុះងឺ covid 19 ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងសៀមរាប។ នេះសបញ្ជាក់ឲ្យឃើញថា សម្ដេចតេជោ តែងតែយកចិត្តទុកដាក់ដល់កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋដែលកំពង់ជួបកាលំបាក។

ជាចុងក្រោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមអោយមានសុខភាពល្អ រឹងមាំ ដើម្បីដឹកនាំប្រទេសទៅរកភាពរីកចម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី១៩។ ផ្លែមៀនប៉ៃលិន របស់សហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ម៉ឺនតោន កំពុងប្រឈមនឹងការខូចខាត ព្រោះមិនអាចនាំចេញបាន៕