(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឹកូវីដ-១៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញអំពីលទ្ធផលកិច្ចប្រតិបត្តិការរបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ នៃការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងប្រទេស។

លោកអះអាងថា គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រយៈពេល២១ថ្ងៃ កន្លងមកនេះ ការអនុវត្តវិធានការនៅទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានលទ្ធផលដូចទៅ៖

១៖ ចុះផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជូនប្រជាពលរដ្ឋ សរុបបានចំនួន ២២.៤៦៤ទីតាំង ។
២៖ បង្ក្រាបរាល់សកម្មភាពល្មើសវិធានការសរុបរួមមាន៖
* ករណីល្មើស៖ ១៧.៩៩៧ករណី
* ឃាត់ខ្លួនមនុស្ស ៣៥.២៣១នាក់(ជនបរទេស ២១៩នាក់) ក្នុងនោះ៖
* អនុវត្តវិធានការអប់រំចំនួន ៣៣.៨៤៤នាក់
* អនុវត្តវិធានការពិន័យ ១.២៩២នាក់
* បញ្ជូនទៅតុលាការ ៩៥នាក់(ជនបរទេសម្នាក់)
* ឃាត់យាន៖ រថយន្ត ៥.៩៨១គ្រឿង, ម៉ូតូ ៩.២៦១គ្រឿង
* ថវិកាពិន័យ ៧២២.៨០០.០០០រៀល
* បិទទីតាំងអាជីវកម្ម ៥ទីតាំង៕