(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ លោក និងក្រុមយុវជន-និស្សិត ជាង២០០នាក់ទៀត នឹងហែញត្តិទៅដាក់ញត្តិទៅទាមទារនៅផ្ទះ លោក កឹម សុខា តែម្តង ដើម្បីទាមទារឱ្យបកស្រាយជុំវិញរឿងខ្សែអាត់សំឡេង។

លោក ស្រី ចំរើន បាននិយាយថា ក្បួនដង្ហែរនៅថ្ងៃនេះ នឹងចេញពីមុខរដ្ឋសភា ឆ្ពោះទៅអង្គការសហប្រជាជាតិ រួចបន្តទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ហើយចុងក្រោយ តម្រង់ឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិតែម្តង។

លោក ស្រី ចំរើន បញ្ជាក់ថា «ខ្ញុំនឹងដឹកនាំយុវជននិស្សិត ២០០នាក់ ហែញត្តិ​ពីមុខរដ្ឋសភា​ពីមុខរដ្ឋសភា​ទៅដាក់ញត្តិ​ នៅ​អង្គការសហប្រជាជាតិ និងបន្តទៅទីស្នាក់ការ​គណបក្សសង្រ្គោះ​ជាតិ នៅចាក់អង្រែក្រោម និងចុងក្រោយ​បន្តដំណើរ​ទៅ​ផ្ទះលោក កឹម សុខា។ ខ្ញុំដឹកនាំក្រុមយុវជនដាក់ញត្តិ នៅពេលនេះ​ដើម្បីស្នើលោក កឹម សុខា​ ចេញបកស្រាយ រឿងខ្សែអាត់សម្លេង»

យុវជនរូបនេះបានបន្តថា គម្រោងនៃការហែញត្តិ នៅរសៀលថ្ងៃនេះ ​គឺរូបលោកបានដាក់លិខិតជូនដំណឹង ទៅសាលាក្រុងរួចរាល់ហើយ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ស្រី ចំរើន បានអះអាងថា គម្រោងនៃការហែញត្តិនេះ នឹងប្រព្រឹត្តទៅដូចការគ្រោងទុក ដោយគ្មានអ្វីប្រែប្រួល​ឡើយ បើទោះបី​គ្មានការឆ្លើយតបពីសាលារាជធានីភ្នំពេញក៏ដោយ ពីព្រោះ​គម្រោងហែញត្តិនេះ ​លោកបានជូនដំណឹងដល់សាលាក្រុង រួចរាល់ហើយ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ លោក ស្រី ចំរើន និង​ក្រុមយុវជន១០នាក់ បានដាក់ញត្តិមួយទៀតទៅកាន់រដ្ឋសភា ដោយស្នើឲ្យប្រធានរដ្ឋសភាពន្លឿនកោះហៅលោក កឹម សុខា ចូលបំភ្លឺជុំវិញខ្សែអាត់សំឡេងសន្ទនាជាមួយស្រ្តីម្នាក់។ ក្រុមយុវជនទាំងនោះតែងចេញ តវ៉ានៅតាមបណ្តាខេត្តមួយចំនួន នៅពេលគណបក្សសង្គ្រោះជាតិធ្វើវេទិកា ដើម្បីទាមទារឲ្យលោក កឹម សុខា ចូលបំភ្លឺជុំវិញរឿងអាស្រូវផ្លូវភេទ ​ជូនសាធារណជនផងដែរ៕