(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ២១ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះ ដែលបានផ្ដន្ទាទោសជនជាប់ចោទរូបនេះ ដោយសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារកំណត់១ឆ្នាំ។

ជនត្រូវចោទដែលតុលាការបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣២B ផ្លូវលេខ៥៣R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចនគបាលព្រហ្មទណ្ឌ បានឲ្យយដឹងថា ការចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសាលក្រមលេខ ២០០១ «ឋ» ចុះថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ ដែលបានសម្រេចផ្ដន្ទាទោស គិតពីថ្ងៃអនុវត្តទោស ដោយគ្មានការព្យួរទោសលើឈ្មោះ ចាន់ សុវិជ្ជា កំណត់១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៩។

តាមអំណាចសាលក្រមខាងលើ តុលាការបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា មកអនុវត្តការឃុំខ្លួននៅពន្ធនាគារ «ឞ១» ចាប់ពីថ្ងៃអនុវត្តទោសនេះតទៅ៕